កិច្ចប្រជុំពិភាក្សាលើករណីដីការិយាល័យពន្ធដារស្រុកស្ទឹងហាវ នៃសាខាពន្ធដារខេត្តព្រះសីហនុ និងដីការិយាល័យពន្ធដារស្រុកសាលាក្រៅ នៃសាខាពន្ធដារខេត្តប៉ៃលិន
នាព្រឹកថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០១៩ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋប្រចាំក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើករណីដីការិយាល័យពន្ធដារស្រុកស្ទឹងហាវ នៃសាខាពន្ធដារខេត្តព្រះសីហនុ និងដីការិយាល័យពន្ធដារស្រុកសាលាក្រៅ នៃសាខាពន្ធដារខេត្តប៉ៃលិន ដោយមានការចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការ, តំណាងអគ្គនាយកដ្ឋានពន្ធដារ, តំណាងអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ, ប្រធានសាខាពន្ធដារ និងប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃខេត្តទាំងពីរ ព្រមទាំងសមាជិកសមាជិកានៃគណៈកម្មការ។ កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យលើបញ្ហាប្រឈម និងដាក់ចេញនូវវិធានការដោះស្រាយ ទាំងទិដ្ឋភាពច្បាប់ និងទិដ្ឋភាពគោលនយោបាយ សំដៅពង្រឹងប្រសិទ្ធភាពនៃការចុះបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ចៀសវាងការកាន់កាប់ និងគ្រប់គ្រងដីធ្លីត្រួតគ្នា។