កិច្ចប្រជុំពិនិត្យពិភាក្សាអំពីបញ្ហាប្រឈម និងលើកទិសដៅសម្រាប់អនុវត្តការងារលើការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
នាព្រឹកថ្ងៃទី ៥ ខែ កញ្ញា ឆ្នាំ ២០១៩ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ប្រចាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាអំពីបញ្ហាប្រឈម និងលើកទិសដៅសម្រាប់អនុវត្តការងារលើការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពីតំណាងអគ្គនាយកដ្ឋានទ្រព្យរដ្ឋនិងចំណូលមិនមែនសារពើពន្ធ, អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា, អគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងសមាជិកសមាជិកានៃគណៈកម្មការ។ កិច្ចប្រជុំនេះ មានគោលបំណងដើម្បីពិនិត្យអំពីបញ្ហាប្រឈមមួយចំនួនក្នុងការប្រើប្រាស់និងគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋរបស់ក្រសួង។
ជាលទ្ធផល ឯកឧត្តមប្រធានអង្គប្រជុំ បានពិភាក្សានិងផ្តល់ដំណោះស្រាយចំពោះបញ្ហាប្រឈមជាក់លាក់មួយចំនួន និងណែនាំដល់អង្គភាពប្រើប្រាស់ ព្រមទាំងអង្គភាពគ្រប់គ្រង បន្តផ្សព្វផ្សាយ ណែនាំ និងជំរុញការអនុវត្តលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ សំដៅពង្រឹងការប្រើប្រាស់និងគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋឱ្យមានប្រសិទ្ធភាព ។