កិច្ចប្រជុំពិនិត្យពិភាក្សាលើកិច្ចការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងសណ្ដាប់ធ្នាប់ នៅផ្សារព្រែកតាមាក់
នារសៀលថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០១៩ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គលេខាធិការ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំព្រែកតាមាក់ បានដឹកនាំសម្របសម្រួលកិច្ចប្រជុំពិនិត្យពិភាក្សាលើកិច្ចការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងសណ្ដាប់ធ្នាប់ នៅផ្សារព្រែកតាមាក់ ព្រមទាំងកិច្ចការងារពាក់ព័ន្ធមួយចំនួនទៀត ដោយមានការអញ្ជើញចូលរួមពីក្រុមការងារនៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ, លោកអភិបាលស្រុកខ្សាច់កណ្ដាល និងក្រុមការងារមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ខេត្តកណ្ដាល។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងជួបពិភាក្សាប្រមូលធាតុចូល និងដំណោះស្រាយពីគ្រប់ភាគីពាន់ព័ន្ធទាំងអស់ ក្នុងគោលដៅពន្លឿន និងជំរុញកិច្ចការងារៀបចំហេដ្ឋារចនាសម្ព័ន្ធនិងសណ្ដាប់ធ្នាប់ នៅផ្សារព្រែកតាមាក់ ក៏ដូចជាការងារចុះជួយមូលដ្ឋានឃុំព្រែកតាមាក់ផ្សេងទៀត អាចសម្រេចទៅបានកាន់តែមានប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលាតាមតម្រូវការជាក់ស្ដែងរបស់ប្រជាជន។