កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ០៨៩ សហវ.ប្រក ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ស្ដីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ
នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធសន្និសីទវីដេអូ, អគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សហការជាមួយនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ០៨៩ សហវ.ប្រក ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ស្ដីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ដល់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង២៥ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃអគ្គលេខាធិការដ្ឋាន និងនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ ក៏ដូចជាលោក លោកស្រីប្រធានមន្ទីរ និងមន្ត្រីពាក់ព័ន្ធទាំងអស់នៃមន្ទីរ សហវ រាជធានី-ខេត្ត។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវខ្លឹមសារប្រកាសលេខ០៨៩ ស្ដីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ដែលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានចេញឱ្យអនុវត្តកាលពីដើមឆ្នាំ២០២០ កន្លងទៅនេះ ក្នុងគោលដៅចម្បងពង្រឹង និងបង្កើនប្រសិទ្ធភាពនៃការអនុវត្តឱ្យកាន់តែគ្រប់ជ្រុងជ្រោយ និងមានគុណភាព ឈានទៅរកការប្រមូលចំណូលជូនជាតិបានកាន់តែប្រសើរ និងស្របតាមផែនការដែលបានគ្រោងទុក។