កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០១៣ សហវ. ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨ ស្ដីពីការអនុវត្តច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩
នារសៀលថ្ងៃទី ២៥ ខែ មករា ឆ្នាំ ២០១៩ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០១៣ សហវ. ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨ ស្ដីពីការអនុវត្តច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ ក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងប្រធានក្រុមការងារថវិកាកម្រិតថ្នាក់ដឹកនាំអង្គភាពថវិការបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពី ឯកឧត្តមអគ្គលេខាធិការក្រសួង និងជាប្រធានក្រុមការងារថវិកាកម្រិតបច្ចេកទេស ព្រមទាំងតំណាងក្រុមការងារថវិកានៃគ្រប់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទាំងថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំក្រោយពេលដែលច្បាប់ស្ដីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំត្រូវបានអនុម័តដាក់ចេញឱ្យអនុវត្ត ក្នុងគោលបំណងផ្សព្វផ្សាយឱ្យបានទូលំទំលាយជូនដល់គ្រប់អង្គភាពពាក់ព័ន្ធបានយល់កាន់តែច្បាស់ពីការវិភាជន៍ថវិកាប្រចាំឆ្នាំ ក៏ដូចជានីតិវិធីការងារ ក្នុងគោលដៅគាំទ្រឱ្យការអនុវត្តថវិកាកម្មវិធី អាចប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាពខ្ពស់។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមរបៀបវារៈចំនួន ៣ ដូចខាងក្រោម៖
១. បទបង្ហាញអំពីសារាចរណែនាំស្ដីពីការអនុវត្តច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ ដោយតំណាងអគ្គនាយកដ្ឋានថវិកា
២. បទបង្ហាញអំពីតួលេខបឋម នៃការអនុវត្តចំណូល-ចំណាយថវិកាឆ្នាំ២០១៨ គិតត្រឹមថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០១៩ ដោយតំណាងអគ្គលេខាធិការដ្ឋានក្រសួង
៣. ផ្សេងៗ។