កិច្ចប្រជុំផ្ទៃក្នុងប្រចាំត្រីមាសទី១ ឆ្នាំ២០១៩ ជាមួយគ្រប់នាយកដ្ឋាន និងលេខាធិការដ្ឋាន នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
នារសៀលថ្ងៃ អង្គារ ៥កើត ខែ ចេត្រ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ០៩ ខែ មេសា ឆ្នាំ ២០១៩ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, អគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងប្រចាំត្រីមាសទី១ ឆ្នាំ២០១៩ ជាមួយគ្រប់នាយកដ្ឋាន និងលេខាធិការដ្ឋាន នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យពិភាក្សាលើវឌ្ឍនភាពការងារ ស្ដាប់សំណូមពរ និងដោះស្រាយបញ្ហាប្រឈមនានារបស់គ្រប់នាយកដ្ឋាន នៃអគ្គលេខាធិការដ្ឋាន ទាំងលើការងារកែទម្រង់ និងការងារប្រចាំថ្ងៃ ដែលបានអនុវត្តក្នុងត្រីមាសកន្លងមក ព្រមទាំងដើម្បីដាក់ចេញនូវផែនការអនុវត្តការងារសម្រាប់អនុវត្តបន្តផងដែរ។ ឆ្លៀតក្នុងឱកាសនេះ នាចុងបញ្ចប់នៃកិច្ចប្រជុំឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក៏បានប្រគល់ជូននូវថវិកាវិភាគទានសប្បុរសធម៌របស់មន្ត្រីនៃអគ្គលេខាធិការដ្ឋាន ជូនដល់មន្ត្រីនៃនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ ដែលកំពុងជួបបញ្ហាលំបាកខ្លាំងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ បន្ទាប់មកទៀតឯកឧត្តមក៏បានប្រគល់ជូននូវគ្រឿងឥស្សរិយយសជូនដល់មន្ត្រីរាជការមួយចំនួន នៃអគ្គលេខាធិការដ្ឋាន ដែលមានគុណសម្បត្តិការងារឆ្នើម និងមានបទពិសោធន៍ការងារយូរឆ្នាំផងដែរ។