កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តថវិកាពាក់កណ្តាលឆ្នាំ ២០១៩ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
នារសៀលថ្ងៃទី ០៥ ខែ កញ្ញា ឆ្នាំ ២០១៩ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារថវិកាកម្រិតថ្នាក់ដឹកនាំអង្គភាពថវិកា បានដឹកនាំសម្របសម្រួលកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តថវិកាពាក់កណ្តាលឆ្នាំ ២០១៩ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីតំណាងក្រុមការងារថវិកា ទាំងថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋានក្រោមឱវាទក្រសួង។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងបន្ទាប់ពីមានការសម្របសម្រួល ពិនិត្យ និងបូកសរុបរបស់អគ្គលេខាធិការដ្ឋាន ក្នុងនាមជាក្រុមការងារថវិកាកម្រិតបច្ចេកទេស នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយអនុលោមតាមគោលការណ៍ណែនាំស្តីពីនីតិវិធីអនុវត្តថវិកាកម្មវិធី ដោយត្រូវបានរៀបចំឡើងក្នុងគោលបំណង ៖
១. តាមដាននិងរាយការណ៍ជូនថ្នាក់ដឹកនាំ អំពីវឌ្ឍនភាពដែលអង្គភាពក្រោមឱវាទក្រសួង សម្រេចបាន នៅពាក់កណ្តាលឆ្នាំ២០១៩ ដោយផ្តោតសំខាន់លើទិដ្ឋភាពហិរញ្ញវត្ថុ និងទិដ្ឋភាពសមិទ្ធកម្ម
២. កំណត់បញ្ហាប្រឈម និងស្នើដាក់ចេញនូវវិធានការដោះស្រាយ ដើម្បីជំរុញការអនុវត្តការងារសម្រាប់ឆមាសទី២ និងឆ្នាំបន្ទាប់ ឱ្យកាន់តែរលូន និងសម្រេចបានតាមគោលដៅដែលបានដាក់ចេញ
៣. បំពេញតាមលក្ខខណ្ឌតម្រូវនៃបទប្បញ្ញត្តិគតិយុត្តពាក់ព័ន្ធថវិកាកម្មវធី ជាធរមាន។
ជារួម សម្រាប់ការអនុវត្តថវិកា នាពាក់កណ្តាលឆ្នាំ ២០១៩ នេះ មានការវិវត្តល្អមួយកម្រិត បើធៀបនឹងការអនុវត្តថវិកានាបណ្តាឆ្នាំកន្លងមក ទាំងសម្រាប់អង្គភាពថវិកាថ្នាក់កណ្តាល និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត។ ទន្ទឹមនឹងមានវឌ្ឍនភាពល្អប្រសើរនេះ លទ្ធផលនៃការត្រួតពិនិត្យការអនុវត្តថវិកាពាក់កណ្តាលឆ្នាំ ២០១៩ ក៏បានបង្ហាញឱ្យឃើញនូវកិច្ចការប្រឈមមួយចំនួនក្នុងការអនុវត្តថវិការបស់ក្រសួង ក្នុងក្របខណ្ឌនៃថវិកាកម្មវិធី ដែលទាមទារឱ្យមានវិធានការកែលម្អ ព្រមទាំងពង្រឹងសមត្ថភាពមន្ត្រីទទួលបន្ទុកបន្ថែម (ជាពិសេសអង្គភាពថវិកាថ្មី) ដោយទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធ ត្រូវបន្តរកដំណោះស្រាយសម្រាប់ជំហានបន្ទាប់។