កិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ តាមរយៈប្រព័ន្ធសន្និសីទវីដេអូ Zoom, ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ព្រមទាំងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រោមអធិបតីភាពដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងដោយមានការអញ្ជើញចូលរួមឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង និងគ្រប់អង្គភាពក្រោមឱវាទក្រសួង ទាំងថ្នាក់កណ្ដាល និងថ្នាក់មូលដ្ឋាន។ កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យពិភាក្សាលើរបៀបវារៈដែលនៅសេសសល់កាលពីកិច្ចប្រជុំកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ រួមមាន ១.បទបង្ហាញសេចក្ដីព្រាងយុទ្ធសាស្ត្រ ស្ដីពីការអនុវត្តស្ដង់ដារគណនេយ្យសាធារណៈនៅកម្ពុជាឆ្នាំ២០២១-២០៣១ និង២.របៀបវារៈផ្សេងៗ (ការតាមដាន និងវាយតម្លៃបឋមលើវឌ្ឍនភាពយុទ្ធសាស្ត្រកែទម្រង់ទាំង៥)។