ការបើកវគ្គបណ្តុះបណ្តាលស្តីពី “វិធាន និងបទប្បញ្ញត្តិស្តីពីលទ្ធកម្មសាធារណៈ” ជូនមន្ត្រីគ្រប់គ្រងកិច្ចលទ្ធកម្ម ចំនួន ១៥៦ នាក់
នាព្រឹកថ្ងៃទី ២ ខែ កញ្ញា ឆ្នាំ ២០១៩ នៅសណ្ឋាគារហ្គាឌិនស៊ីធី រាជធានីភ្នំពេញ, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបើកវគ្គបណ្តុះបណ្តាលស្តីពី “វិធាន និងបទប្បញ្ញត្តិស្តីពីលទ្ធកម្មសាធារណៈ” ជូនមន្ត្រីគ្រប់គ្រងកិច្ចលទ្ធកម្ម ចំនួន ១៥៦ នាក់ មកពីក្រសួងចំនួន ៤ គឺក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ, ក្រសួងសាធារណការនិងដឹកជញ្ជូន, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង ក្រសួងពាណិជ្ជកម្ម ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារកសាងសមត្ថភាពរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល ៣ ថ្ងៃ ក្នុងគោលបំណងពង្រឹង ពង្រីកសមត្ថភាព និង លើកកម្ពស់ការយល់ដឹង សម្រាប់ចូលរួមអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៣ ឱ្យសម្រេចបានជោគជ័យ ប្រកបដោយប្រសិទ្ធិភាព និង តម្លាភាព សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ។