ការទទួលជួប ពិភាក្សាការងារជាមួយលោក Yuya YAO នាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុន Huawei ប្រចាំនៅក្នុងប្រទេសកម្ពុជា
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានទទួលជួប ពិភាក្សាការងារជាមួយលោក Yuya YAO នាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុន Huawei ប្រចាំនៅក្នុងប្រទេសកម្ពុជា នាព្រឹកថ្ងៃពុធ ១៤កើត ខែស្រាពណ៏ ឆ្នាំកុរ ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០១៩ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោក Yuya YAO បានជម្រាបជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រី អំពីសកម្មភាពធុរកិច្ចរបស់ក្រុមហ៊ុន Huawei ដែលបាន វិនិយោគលើវិស័យបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ ចាប់តំងពីឆ្នាំ ១៩៩៩ មក ដែលបានផ្តល់ការងារដល់ប្រជាជនកម្ពុជា និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ លោក Yuya YAO បានបញ្ជាក់ផងដែរថា ក្រុមហ៊ុន Huawei នឹងបន្តវិនិយោគបន្ថែម មិនត្រឹមតែក្នុងវិស័យទូរគមនាគមន៍ប៉ុណ្ណោះទេ បន្តែថែមទាំងពង្រីកសកម្មភាពធុរកិច្ចផ្សេងទៀត ក្នុងវិស័យឌីជីថល ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។
ឯកឧត្តមអគ្គបណ្ទិសភាចារ្យឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងផ្តល់អាទិភាពដល់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងរដ្ឋាភិបាលឌីជីថល ដែលបង្កើតបរិស្ថានសម្រាប់ការរីកលូតលាស់វិស័យឌីជីថល។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុន Huawei បន្តវិនិយោគ និងផ្តល់ការគាំទ្របន្ថែមតាមរយៈជំនាញ និងបទពិសោធន៍របស់ខ្លួនដល់ការងាររៀបចំក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចឌីជីថល និងរដ្ឋាភិបាលឌីជីថល ។
ប្រភព៖ ហ្វេសប៊ុកក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ