ការជួបសំណេះសំណាលជាមួយក្រុមកីឡាករតេក្វាន់ដូចំនួន ៦ រូប នៃក្លឹបតេក្វាន់ដូក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលស្ថិតក្រោមការសម្របសម្រួលគាំទ្រដោយអគ្គលេខាធិការដ្ឋាន
នារសៀលថ្ងៃទី ០៣ ខែ កញ្ញា ឆ្នាំ ២០១៩ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងសហការី បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមកីឡាករតេក្វាន់ដូចំនួន ៦ រូប នៃក្លឹបតេក្វាន់ដូក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលស្ថិតក្រោមការសម្របសម្រួលគាំទ្រដោយអគ្គលេខាធិការដ្ឋាន និងទើបបានចូលរួមប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកពិភពលោក លើកទី២១ នៅប្រទេសប៊ុលហ្គារី កាលពីថ្ងៃទី ២៤ ដល់ថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០១៩ កន្លងទៅនេះ ដោយពួកគាត់បានទទួលលទ្ធផលយ៉ាងល្អប្រសើរ គឺ ទទួលបានមេដាយប្រាក់ ១ និងសំរឹទ្ធ ១ លើវិញ្ញាសាបច្ចេកទេស និងសម្ដែងជាក្រុម។ ក្នុងឱកាសនេះ ឯកឧត្តមអគ្គលេខាធិការ បានសម្ដែងនូវការសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកីឡាករទាំងអស់ ដែលបានយកចិត្តទុកដាក់ធ្វើការហ្វឹកហ្វាត់ និងខិតខំប្រឹងប្រែងប្រកួតរហូតទទួលបានលទ្ធផលគួរជាទីមោទនៈយ៉ាងដូចនេះ ព្រមទាំងបានឧបត្ថម្ភនូវថវិកាមួយចំនួនដើម្បីជាការលើកទឹកចិត្តដល់កីឡាករទាំងអស់ផងដែរ។