កិច្ចប្រជុំនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយមានការដឹកនាំសម្របសម្រួលកិច្ចប្រជុំដោយ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកជាអគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
នារសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ ២០១៩ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារចូលរួមរៀបចំច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជានិងច្បាប់ស្តីពីតំបន់សេដ្ឋកិច្ចពិសេស បានដឹកក្រុមការងារក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចូលរួមកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងច្បាប់ទាំងពីរ នៅសាលប្រជុំនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយមានការដឹកនាំសម្របសម្រួលកិច្ចប្រជុំដោយ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកជាអគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។ ច្បាប់ទាំងពីរនេះមានគោលបំណងចម្បងបង្កើនបរិយាកាសវិនិយោគឱ្យកាន់តែល្អនិងផ្តល់ការលើកទឹកចិត្តឱ្យត្រូវគោលដៅ។ ជារួម ការរៀបចំសេចក្តីព្រាងច្បាប់វិនិយោគនៃព្រះរាជាណាចក្រកម្ពុជាថ្មីនេះមានគោលដៅបង្កើនភាពប្រកួតប្រជែង បង្កើនផលិតភាពនិងធ្វើទំនើបកម្មនៃឧស្សាហកម្មក្នុងស្រុក បង្កើតរបបលើកទឹកចិត្តវិនិយោគដែលមានតម្លាភាព និងជាពិសេសផ្តល់ការការពារនូវសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់វិនិយោគិន។ ដោយឡែក ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីតំបន់សេដ្ឋកិច្ចពិសេសថ្មី មានគោលបំណងបង្កើតនូវក្របខណ្ឌគតិយុត្តដែលបើកចំហដែលមានតម្លាភាព អាចប៉ាន់ប្រមាណបាន និងមានភាពអំណោយផលសម្រាប់ការបង្កើននិងការគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស និងសម្រាប់ការវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសទាំងអស់ដើម្បីជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម។