ការជួបសំណេះសំណាលជាមួយក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលណូវែលហ្សេឡង់ (New Zealand Scholarship) និងក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលអូស្ត្រាលី (Australia Awards Scholarship) ឆ្នាំ ២០១៩ ចំនួន ៣៥ រូប
នាព្រឹកថ្ងៃទី ៣ ខែ មករា ឆ្នាំ ២០១៩ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានទទួលជួបសំណេះសំណាលជាមួយក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលណូវែលហ្សេឡង់ (New Zealand Scholarship) និងក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលអូស្ត្រាលី (Australia Awards Scholarship) ឆ្នាំ ២០១៩ ចំនួន ៣៥ រូប ដែលត្រៀមចេញដំណើរទៅបន្តការសិក្សាថ្នាក់បណ្ឌិត និងថ្នាក់អនុបណ្ឌិត ក្នុងពេលឆាប់ៗខាងមុខនេះ ។ ការជួបសំណេះសំណាលនេះ មានគោលបំណងចូលរួមអបអរសាទរ, ចែករំលែកចំណេះដឹងនិងបទពិសោធន៍ ក៏ដូចជាផ្តល់នូវអនុសាសន៍មួយចំនួន សម្រាប់ក្រុមនិស្សិតអាចត្រៀមលក្ខណៈកាន់តែល្អប្រសើរ និងគាំទ្រដល់ការបន្តការសិក្សាអាចសម្រេចដោយជោគជ័យ។ និស្សិតជ័យលាភីដែលនឹងត្រូវបន្តការសិក្សាក្នុងឆ្នាំ២០១៩នេះ មានសមាសភាពជាមន្ត្រីរាជការ បុគ្គលិកក្រុមហ៊ុនឯកជន និងអង្គការក្រៅរដ្ឋាភិបាលផ្សេងៗ ដែលនឹងទៅបំពេញការសិក្សាយកចំណេះដឹង និងជំនាញ ក្នុងវិស័យអាទិភាពសំខាន់ៗសម្រាប់កម្ពុជា មានជាអាទិ៍ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទំនាក់ទំនងអន្តរជាតិ គោលនយោបាយសាធារណៈ សហគ្រិនភាពនិងនវានុវត្តន៍ ហិរញ្ញវត្ថុ ការទូត វិភាគធុរកិច្ច គ្រប់គ្រងធនធានមនុស្ស នីតិសាស្ត្រ គ្រប់គ្រងអន្តរជាតិ ទំនាក់ទំនងព័ត៌មាន កសិកម្ម អប់រំ និងសុខភាពសាធារណៈ ជាដើម។