កម្មវិធីបើកសិក្ខាសាលាផ្សព្វផ្សាយ “កម្រងសម្រង់បទប្បញ្ញត្តិច្បាប់សំខាន់ៗទាក់ទងសមត្ថកិច្ចរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ” ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
នាព្រឹកថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០១៨ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមានរៀបចំកម្មវិធីបើកសិក្ខាសាលាផ្សព្វផ្សាយ “កម្រងសម្រង់បទប្បញ្ញត្តិច្បាប់សំខាន់ៗទាក់ទងសមត្ថកិច្ចរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ” ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ មន្ដ្រីរាជការនៃក្រសួង ស្ថាប័នទាំងអស់របស់រាជរដ្ឋាភិបាល, រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមានការពាក់ព័ន្ធកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ព្រមទាំងគ្រប់តំណាងអង្គភាពថ្នាក់កណ្ដាល និងថ្នាក់មូលដ្ឋានរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។
កម្រងសម្រង់នេះ ត្រូវបានបោះពុម្ពកាលពីឆ្នាំ២០១៣ កន្លងទៅ និងត្រូវបានធ្វើបច្ចុប្បន្នកម្មនិងបោះពុម្ពឡើងវិញនៅឆ្នាំ២០១៨ នេះ សំដៅឆ្លើយតបនឹងដំណើរវិវត្តនៃលិខិតបទដ្ឋានគតិយុត្តនិងតម្រូវការការងាររបស់តួអង្គប្រតិបត្តិករ ដែលកម្រងសម្រង់នេះនឹងក្លាយជាឧបករណ៍ការងារគាំទ្រដល់ការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក៏ដូចជាអាចជាឧបករណ៍ការងារជួយដល់ការងារកែទម្រង់ផ្សេងទៀតផងដែរ។ សមិទ្ធផលនេះ គឺជាឧបករណ៍ការងារដ៏គន្លឹះមួយ សំដៅចូលរួមចំណែកពង្រឹងនីតិរដ្ឋ និងពង្រីកវប្បធម៌នៃការគោរពច្បាប់ផង និយាយជារួម ព្រមទាំងរួមចំណែកឆ្លើយតបទៅនឹងសេចក្តីត្រូវការចាំបាច់របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការជាអ្នកប្រតិបត្តិផ្ទាល់ទាំងឡាយ ក្នុងការពង្រឹងប្រសិទ្ធភាពនៃអភិបាលកិច្ចនិងសមត្ថភាពស្ថាប័ន នៅក្នុងការដ្ឋានកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។